ស្ថានីយអវកាសដំបូងរបស់ចិន Tinagong-1 នឹងធ្លាក់ប៉ះផែនដីនៅឆ្នាំក្រោយនេះក្រោយពីបញ្ចប់បេសកកម្មក្នុង លំហអាកាសរបស់វាក្នុងលក្ខខ័ណ្ឌមិនអាចគ្រប់គ្រងបាន។
ទីភ្នាក់ងារអវកាសអឺរ៉ុបហៅកាត់ថា ESA ឱ្យដឹងថា ស្ថានីយអវកាសទម្ងន់ ៨,៥ តោននេះគ្មានមនុស្សបើកនោះទេ ដែលនឹងធ្លាក់ចូលបរិយាកាសផែនដីក្នុងចន្លោះខែមករា និងខែមិនាឆ្នាំ ២០១៨។ អ្នកជំនាញនិយាយថា កម្ទេចកំទីភាគច្រើនរបស់យានស្ថានីយអាចនឹងត្រូវដុតកម្ទេចក្នុង បរិយាកាសតែបំណែកដែលសេសសល់ផ្សេងទៀតអាចធ្លាក់មកផែនដី។
ESA ព្យាករណ៍ថា បំណែករបស់ Tiangong-1 អាចធ្លាក់មកក្នុងចំណុចណាមួយនៅរយៈទទឹង 43ºN និង 43ºS ដែលហ៊ុំព័ទ្ធទីក្រុងធំៗក្នុងទ្វីបអាស៊ីដូចជាក្រុង ប៉េកាំង តូក្យូ បាំងកក សិង្ហបុរី និងទីក្រុងញូដេលីប្រទេសឥណ្ឌា។ ដោយឡែកនៅមជ្ឈិមបូព៌ា ទ្វីបអាហ្វ្រិក និងប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបដូចជាអេស្ប៉ាញ និងអ៊ីតាលីព្រមទាំងទីក្រុងធំៗនៅអាមេរិកដូចជាក្រុង សាន់ ហ្រ្វាន់ស៊ីស្កូ, ញ៉ូវ យ៉ក និងក្រុងម៉ាយអេមីក៏ស្ថិតក្នុងតំបន់ងាយរងគ្រោះក្នុងខ្សែរយៈទទឹង ដែរ។
គួរបញ្ជាក់ថា Tiangong-1 ដែលមានន័យជាភាសាចិនថា "ទីឋានសួគ៌" មានប្រវែងបណ្ដោយ ១២ ម៉ែត្រអង្កត់ផ្ចិត ៣,៣ ម៉ែត្រនិងទម្ងន់ ៨ ៥០៦ គីឡូក្រាមដែលបច្ចុប្បន្នមានចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រក្នុងគន្លងគោចរ។
វាមិនត្រូវបានគេគ្រប់គ្រងតាំងពីឆ្នាំ ២០១៣ និងបានដាច់ទំនាក់ទំនងតាំងពីឆ្នាំ ២០១៦ មកម្ល៉េះតែយ៉ាងណាក៏ដោយ ESA ថា ក្នុងប្រវត្តិសាស្ត្រលំហអាកាសមិនដែលមានសេចក្ដីរាយការណ៍ណាមួយពី ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ធ្លាក់កម្ទេចកំទីពីលំហអាកាសនោះទេ៕
ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សិរីបុទ្រ




No comments:
Post a Comment